ប្រវត្តិព្រះ ភិក្ខុធម្មបាល ខៀវ ជុំ អ្នកប្រាជ្ញអង្គនេះ ត្រូវបានគេចាត់ទុកថា ជាព្រះសង្ឃជឿន លឿន និងនាំមុខគេ ក្នុងការស្វែងយល់ និងបញ្ចេញគំនិត
ខៀវ ជុំ
ព្រះភិក្ខុ ធម្មបាល ខៀវ ជុំ
ឈ្មោះ ខៀវ ជុំ
ថ្ងៃខែឆ្នាំកំនើត ខែ ឆ្នាំ ១៩០៧
សញ្ជាតិ ខ្មែរ
ឪពុកម្ដាយ (ឪពុក)(ម្ដាយ)
រក្សាព្រៃគង់ មិនភ័យរឿងខ្វះអុសដុត !
រក្សាព្រៃគង់ មិនភ័យរឿងខ្វះអុសដុត !
នេះជាប្រយោគមាននៅក្នុងជីវប្រវត្តិរបស់ព្រះភិក្ខុ
ធម្មបាល ខៀវ ជុំ ដែលសរសេរដោយព្រះអង្គផ្ទាល់
ហើយនៅក្នុងជីវិតរបស់សមណៈបញ្ញវន្តរូបនេះពុំសូវបរិបូរណ៌ដោយលាភស ក្ការៈ
និង សមណស័ក្តឡើយ ។ ខុសពីសមណៈបញ្ញវន្តខ្មែរមួយចំនួនដែលមានទំនោរធ្ងន់ទៅរកផ្លូវធម៌
ព្រះភិក្ខុធម្មបាល
បានបូជារយៈពេលពេញមួយជីវិតរបស់លោកដើម្បីធ្វើកិច្ចការយ៉ាងស្មើ គ្នារវាង
សាសនកិច្ច និង សង្គមកិច្ច ។ ព្រោះហេតុនេះហើយ
ទើបសកម្មភាពរបស់លោកពេលខ្លះត្រូវបានគេឃើញថា ជាសកម្មភាពនយោបាយ
ហើយអ្នកខ្លះហៅលោកថា ជាភិក្ខុសាសនានយោបាយ ។
កុមារភាព និង ការសិក្សា
ព្រះភិក្ខុធម្មបាល ខៀវ ជុំ
ជាសមណៈបញ្ញវន្តខ្មែរមួយរូបដែលមានឧត្តមគតិ និង មនសិការជាតិ
លោកប្រសូត្រនៅថៃ្ងចន្ទ ៨កើត ខែផល្គុណ ព.ស ២៤៥០, គ.ស ១៩០៧ នៅភូមិអន្លង់តាសេក
ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ បិតាឈ្មោះ ង៉ែត ខៀវ , មាតាឈ្មោះ កែវ ចិន ជាគ្រួសារកសិកម្ម, បសុកម្ម , នេសាទ និង ពាណិជ្ជកម្ម ។ ព្រះភិក្ខសុគតនៅព.ស ២៥១៨, គ.ស ១៩៧៥ ក្នុងព្រះជន្មាយុ៦៨ ព្រះវស្សា
នៅវត្តលង្កា ក្រុងភ្នំពេញ ។
កាលអាយុ១២ឆ្នាំ ត្រូវបាននាំទៅសិក្សាអក្សរ
និង លេខនៅវត្តសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ
លុះរៀនចេះល្មមប្រើការបាន ក៏ត្រឡប់មកនៅជាមួយគ្រួសារវិញនៅអាយុ១៥ឆ្នាំ
។ ដោយសារមុខរបររបស់គ្រួសារ ធ្វើអោយយុវជនជុំ
ក្លាយជាអ្នកជំនាញខាងជិះសេះប្រណាំង, ជាអ្នកជំនាញខាងជំនួញជើងទឹក និង ចេះ
ផលិតនូវនេសាទូបករណ៍ជាច្រើនប្រភេទផង ។
បព្វជ្ជា (បួស) ជាសាមណេរ
ព.ស ២៤៦៧, គ.ស ១៩២៤ បានបួសជាសាមណេរនៅអាយុ១៧ឆ្នាំ
ក្នុងសំណាក់ព្រះចៅអធិការ ទន់ ផាន់ វត្តសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស
ខេត្តតាកែវ ។ ទីទៃពីការសិក្សា និង ប្រតិបត្តិនូវកាតព្វកិច្ចរបស់ខ្លួនទៅ
សាមណេរ ខៀវ ជុំ នៅបានធ្វើជាគ្រូបង្រៀនអក្សរ និង លេខនព្វន្តដល់កុលបុត្រខ្មែរប្រមាណជា៨០នាក់ផង
។ នៅក្នុងវត្តសេដ្ឋីនេះ សាមណេរខៀវ ជុំ ជាប្រធានធម្មសភានៃ ការសន្ទនាធម៌ និង
ជាទីប្រឹក្សានៃគណៈបេសកកម្មធម្មទូតទៅវត្តអន្លង់តាសេក ជាភូមិកំណើតរបស់លោក
។
ព.ស ២៤៦៩, គ.ស ១៩២៦ នៅពេលមានអាយុ១៩ឆ្នាំ សាមណេរ ខៀវ ជុំ បាននិមន្តទៅបន្តការសិក្សានៅវត្តលង្កា
នាទីក្រុងភ្នំពេញ ប៉ុន្តែពុំមានសាលាត្រឹមត្រូវទេ
គឺត្រូវស្វែងរកគ្រូដោយខ្លួនឯង ហើយក៏និមន្តទៅសិក្សាដល់ផ្ទះគ្រូ ឬ
សិក្សានៅតាមកុដិ ។ ជីវភាពប្រចាំថៃ្ងគឺត្រូវ ពឹងលើការបិណ្ឌបាត្រ
ហើយជួនកាលក៏មានអាហារគ្រប់គ្រាន់ ជួន កាលក៏មិនឆ្អែត
ហើយទឹកអាចប្រើប្រាស់បានតែ៥-១០លីត្រ ក្នុង១ថៃ្ង ។ ពេលអាពាធ (មានជំងឺ)
មិនមានពេទ្យ ឬ ថ្នាំត្រឹមត្រូវសម្រាប់ព្យាបាល ចំណែកទីស្នាក់នៅ
ក៏តូចអាចក្រាលបានតែកន្ទេលតូចមួយប៉ុណ្ណោះ ។ ប៉ុន្តែឧបសគ្គទាំងនេះ មិនមែនជាឧបសគ្គដល់ការស្រលាញ់ចំណេះវិជ្ជានៃសាមណេរ
អនាគតសមណៈបញ្ញវន្តយើងឡើយ ។
ឧបសម្ប័ទជាភិក្ខុ
ថៃ្ងសុក្រ ១១កើត ខែផល្គុណព.ស២៤៧១
ត្រូវនឹងថៃទី១៩ ខែកុម្ភៈ គ.ស ១៩២៨ សាមណេរ ខៀវ ជុំ
ត្រូវបានបំបួសជាភិក្ខុដោយមានព្រះធម្មលិខិត ល្វី ឯម ជាព្រះឧប្បជ្ឈាយ៍
ហើយព្រះឧប្បជ្ឈាយ៍បានអោយនាម បញ្ញត្តិលោកថា ធម្មបាល ។ ភិក្ខុ ធម្មបាល ខៀវ ជុំ
ចាប់ផ្តើមមានប្រាកដក្នុងលោកចាប់ពីពេលនោះ ដោយធម្មបាល មានន័ថា “អ្នករក្សាធម៌ ” ។
ភិក្ខុធម្មបាល
បានសិក្សាធម្មវិន័យចប់ថ្នាក់ត្រី, ទោ និង ឯក និង ពុទ្ធិកបឋមសិក្ស
បូករួមទាំងវិជ្ជាប្រកបទូទៅនៃពុទ្ធសាសនាចប់សព្វគ្រប់ ប៉ុន្តែសម័យនោះពុំមានការប្រឡងទេ
។ ចូលសិក្សានៅពុទ្ធិកមធ្យមសិក្សាបាន៣ឆ្នាំ ក៏បង្ខំចិត្តផ្អាក
ដោយសារបញ្ហាសុខភាព ហេតុនេះភិក្ខុធម្មបាលពុំមានសញ្ញបត្រ ឬ
វិញ្ញបនបត្រឡើយ ។
លុះពេលសុខភាពបានប្រសើរឡើងវិញក៏សម្រេចចិត្តទៅធ្វើជាគ្រូបង្រៀន ភាសាបាលីនៅ
វត្តព្រែកជ្រៃ ខេត្តព្រៃវែង ៣ឆ្នាំ , វត្តគោកទ្រាខេត្តកំពង់ចាម ៣ឆ្នាំ , វត្តដីឥដ្ឋ ខេត្តកណ្តាល ៤ឆ្នាំ និង
ត្រឡប់មកបង្រៀនភាសាខ្មែរ និង ភាសាបរទេស នៅវត្តលង្កា
ក្រុងភ្នំពេញវិញចំនួន១ឆ្នាំទៀត (ព.ស ២៤៧៧- ២៤៨៨, គ.ស ១៩៣៤-១៩៤៥ ) ។
ស្នេហាជាតិ និង ជីវិតនយោបាយ
ចាប់ពី គ.ស ១៩៤២
ក្នុងពេលដែលមានភាពមិនប្រាកដប្រជានៃអំណាចអាណាព្យាបាលបារាំង និង
កងទ័ពជប៉ុននៅក្នុងប្រទេសកម្ពុជា ភិក្ខុធម្មបាល រួមជាមួយអ្នកស្នេហា និង
ព្រួយបារម្ភពីវប្បធម៌ជាតិមួយចំនួនទៀតមាន លោកគ្រូអាចារ្យ ហែម ចៀវ
ជាដើមបានមូលគំនិតចាប់ផ្តើមនាំគ្នារៀបចំសរសេរចងក្រងសៀវភៅជា
ភាសាជាតិមានសៀវភៅវេយ្យាករណ៍ជាដើម ។
រក្សាព្រៃគង់ មិនភ័យរឿងខ្វះអុសដុត !
ពេល
កងទ័ពសម្ពន្ធមិត្តចូលមកធ្វើការទំលាក់អំណាចជប៉ុន (គ.ស ១៩៤៥) នោះ
ពួកគេក៏បានចាប់ជនជាតិខ្មែរជាច្រើនដែលក្នុងនោះមានទាំងពួកអ្នកដែល
ធ្លាប់គិតគូរ អំពីវប្បធម៌ជាតិដែលជាក្រុមរបស់លោកផង ។ ពេលនោះ ភិក្ខុធម្មបាល
បានសម្រេចចិត្តភៀសខ្លួនទៅនៅខេត្តបាត់ដំបង ហើយបន្តទៅលាក់ខ្លួននៅប្រទេសសៀម
។ គ្រាប់ស្លែងទោះយកទៅដាំនៅទីណាក៏នៅមានជាតិល្វីង
ចំណែកអំពៅទោះដាំនៅទីណាក៏នៅរក្សាជាតិផ្អែម ។ ភិក្ខុភៀសខ្លួន ធម្មបាល
ទោះនៅក្រៅមាតុភូមិហើយក្តីក៏គំនិតស្នេហាវប្បធម៌មិនបាត់បង់ដែរ ។
លោកនៅបន្តសរសេរសៀវភៅជាភាសាជាតិ និង
ប្រមែប្រមូលចងក្រងឯកសារទាក់ទិននឹងអក្សរសាស្ត្រជាតិដែលមាននៅក្នុង
ប្រទេសសៀមទាំងមូល ។ ក្រៅពីនេះទៅ ធម្មបាល
តែងតែបានដាស់តឿនរំលឹកស្មារតីគ្រប់និន្នាការ (អ្នកនយោបាយនានា និង ខ្មែរឥស្សរៈ
) អោយគិតគូរដល់វប្បធម៌ដ៏ពិតប្រាកដរបស់ខ្លួន និង
ព្រះរាជបល្ល័ង្កដ៏បរិសុទ្ធរបស់ជាតិ ។ គ.ស ១៩៤៩ ភិក្ខុធម្មបាល
បានត្រឡប់ចូលមាតុប្រទេសវិញ ជាមួយឯកសារអក្សរសាស្ត្រដែលលោកខំស្រាវជ្រាវ
ប្រមែម្រូល និង សៀវភៅ ដែលលោកសរសេរកាលរស់នៅប្រទេសសៀម ។
“វប្បធម៌របស់ជាតិក្នុងពេលនេះ ត្រូវពឹងលើព្រះគុណហើយ”
ឃ្លានេះ លោក
អ៊ាស៊ីចូវ ជាកូនសិស្សរបស់ភិក្ខុធម្មបាលកំពុងសិក្សាពីលោកមិនទាន់ចប់
បានចេញទៅនៅប្រទេសសៀម ដើម្បីចូលរួមនយោបាយជាមួយខ្មែរឥស្សរៈ
ប្រើដើម្បីអង្វលោកអោយនិមន្តទៅគង់នៅប្រទេសសៀមដើម្បីបានជាគ្រូ ខាងអក្សរ
និង ភាសាខ្មែររបស់គាត់ ។ ភិក្ខុ ធម្មបាល ខៀវ ជុំ
បាននិមន្តទៅនៅប្រទេសសៀមម្តងទៀតហើយនៅគ.ស ១៩៥២ ដោយស្នាក់នៅជាមួយពួកអ្នកនយោបាយ
។ គ.ស ១៩៥៤ ភិក្ខុធម្មបាលបានវិលត្រឡប់មកមាតុភូមិវិញ
ហើយទទួលបានការចោទប្រកាន់ថា លោកជាសង្ឃធ្វើនយោបាយ ។
ក្រោយពីបានពិចារណារួចមក លោកក៏បានឆ្លងផុតការចោទនេះវិញ
ដោយសារមានការជួយសម្របសម្រួលពីសំណាក់ព្រះធម្មលិខិត ល្វី ឯម ដែលជាព្រះឧប្បជ្ឈាយ៍របស់លោក
ហើយលោកក៏បានគង់នៅក្នុងវត្តលង្កា នាទីក្រុងភ្នំពេញ ។
នៅក្នុងជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោក
ព្រះភិក្ខុធម្មបាលបានសរសេរថា លោកមិនពូកែសំដែងធម៌ទេសនាទេ
ប៉ុន្តែលោកចូលចិត្ត ។ ប៉ុន្តែ ព្រឹទ្ធាចារ្យហ៊ិន-គួយ សព្វថៃ្ង (ខែមករា
២០១០) មានទីលំនៅនៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល
ដែលជាអ្នកធ្លាប់ស្គាល់ភិក្ខុធម្មបាលច្បាស់បាននិយាយថា
លោកមានចរិតជាមនុស្សមិនសូវរវល់ពីរឿងលាភសក្ការៈ និង ឋានៈ ទេ
ហើយរាល់ការសំដែងធម៌របស់ លោកទៀតសោតច្រើនតែបកស្រាយពន្យល់ដល់ពុទ្ធបរិស័ទ្ធ
សិស្សគណ អោយស្គាល់អំពីតួនាទីរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋចំពោះ
ប្រទេសជាតិ
ហើយក៏តែងតែទទួលបានការតាមស្តាប់ឱវាទរបស់លោកពីសំណាក់ពួកនិស្សិត និង
មន្ត្រីរាជការយ៉ាងច្រើនកកកុញ ។
ក្នុងកម្រងជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោកនេះដែរ
ភិក្ខុធម្មបាលបានសរសេរថា “ការនិពន្ឋ ធម្មបាល ស្រលាញ់ជាងការណាៗទាំងអស់
យកចិត្តទុកដាក់ក្នុងការនេះណាស់ តែជីវិតមានឧបសគ្គច្រើនពេក
មិនអាចធ្វើខ្លួនអោយពេញលេញជាអ្នកនិពន្ឋខ្ពង់ខ្ពស់បានទេ” ។
សមិទ្ធិផលសំខាន់ៗរបស់ព្រះភិក្ខុ ធម្មបាល ខៀវ
ជុំ
១- ល័ខវិជ្ជារាជការ
២- បញ្ហាជីវិត
៣- សំវេគធម៌
៤- ត្រៃលក្ខណ៍
៥- កម្ពុជវេយ្យាករណ
៦- បញ្ហាអនាគត
៧- បញ្ហានរក-សួគ៌
៨- សីលធម៌សាកល
៩- ជីវិតគ្រប់លក្ខណ៍
១០- ពិភពលោកភាសិតឬ ភាសិតសកល
១១- ទានទស្សនៈ
១២- និព្វានទស្សនៈ
១៣- វេយ្យាករណ៍យើង
១៤- ត្រៃចរិយា
១៥- ជីវិតទស្សនៈ
១៦- វិញ្ញាណទស្សនៈ
១៧- គូមិត្តឥទ្ធិបាទ
១៨- ពុទ្ធវិទ្យារៀងបុណ្យ-បាប (ជីវិតសន្តិភាព ជីវិតសាងខ្លួនឯង
និង ចិត្តវិទ្យាសង្គម
\ ជីវិតឈ្នះលោក )
១៩- សកលចិន្តា
ព្រះភិក្ខុ ធម្មបាល ខៀវ~ជុំ
អ្នកប្រាជ្ញអង្គនេះ ត្រូវបានគេចាត់ទុកថា
ជាព្រះសង្ឃជឿន
លឿន និងនាំមុខគេ ក្នុងការស្វែងយល់ និងបញ្ចេញគំនិត
ទំនើប មានលក្ខណ:វិទ្យាសាស្រ្ត នៅប្រទេសកម្ពុជា
ចាប់ពី បណ្តាទសវត្សឆ្នាំ ១៩៤០-១៩៧៥។ លោកហេងមណីចិន្តា អតីតព្រះសង្ឃខ្មែរ
ដ៏ល្បីល្បាញមួយអង្គ និងជានិស្សិត
បញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ Harvard របស់អាមេរិក បានបញ្ជាក់ថា កិត្តិនាមរបស់ព្រះ
តេជគុណខៀវជុំ
គឺត្រូវបានមហាអ្នកប្រាជ្ញថៃទទួលស្គាល់
យ៉ាងសុះសាយ បន្ទាប់ពី ពួកគេបានសិក្សាស្វែងយល់
ពីសៀវភៅជាច្រើន ដែលសរសេរដោយ អ្នកប្រាជ្ញដ៏មហិមា មួយអង្គនេះ។
ព្រះភិក្ខុ ខៀវជុំ ជាធម្មកថិក គ្មានពីរនៅកម្ពុជា
ជាវាក្យខ្មិន ដ៏ពូកែពន្យល់អស្ចារ្យ ជាជនស៊ីជម្រៅ ជាមនុស្សប្រកបដោយបញ្ញាញាណ និង
ជាអ្នកបដិវត្តន៍ ក្នុងព្រះផ្នួស។ ទាំងនេះ គឺជាគុណសម្បត្តិ ដ៏ច្រើនលើសលប់
ដែលខ្មែរជំនាន់ថ្មី កម្របានយល់ដឹង។ គ្រូបង្រៀន សាស្រ្តាចារ្យ អ្នករត់ស៊ីក្លូ
មន្រ្តីរាជការ និងខ្មែរ ជាច្រើន ដែលធ្លាប់ បានស្គាល់ ធ្លាប់បានស្តាប់
ធម្មទេសនារបស់ព្រះតេជ
គុណ ខៀវ~ជុំ គ្មានអ្នកណាមួយថា
មិនស្ងើចសរសើរព្រះអង្គ នោះឡើយ។ ពួកគេច្រើននិយាយថា នៅជំនាន់នោះ បើឮថា
ព្រះអង្គនិមន្ត ទៅទេសនា នៅទីណាហើយ គឺទាំងអ្នកនយោបាយ និស្សិត បញ្ញវ័ន្ត
អ្នករត់ស៊ីក្លូ ជាច្រើន នាំគ្នាអ៊ូអរ ធ្វើដំណើរតាមទៅស្តាប់ ហើយនៅក្នុងនោះក៏មានគិញ
សម្ងាត់ របស់សម្តេច នរោត្តម សីហនុ
ដែលតែងតាមដានព្រះអង្គ ព្រមជាមួយគ្នាដែរ។
ដូចយើងដឹងស្រាប់ហើយ ព្រះតេជគុណ ខៀវ ជុំ
គឺជាប្រជាជនបដិវត្តន៍ មួយអង្គ ដែលពុំមាន
ទំនោរ ទៅរករបបរាជានិយមឡើយ ហេតុនេះហើយ
ទើបសកម្មភាពរបស់លោក ត្រូវបាន គេតាមដាន ជាប់រហូត ហើយសូម្បីតែ ស្ថាប័នព្រះសង្ឃ
ដែលយកចិត្តយកថ្លើម ព្រះមហាក្សត្រ រាប់ចាប់ពី សម្តេចព្រះសង្ឃរាជ ជាដើម
ក៏មិនសូវពេញព្រះទ័យនឹងទង្វើ របស់ព្រះភិក្ខុ ខៀវ ជុំ ដែរ គឺយើងអាចសន្និដ្ឋានបានថា
គេក៏មិនពេញចិត្តនឹង ទង្វើរបស់លោក ឯលោកក៏មិនដែលគាំទ្រ ពួកគេវិញដែរ។
ព្រះតេជគុណ ខៀវ ជុំ កើតនៅឆ្នាំ ១៩០៧
នៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
នៅអាយុ ១២ ឆ្នាំ ឪពុកម្តាយបានយកមកផ្ញើអោយនៅវត្ត
ដើម្បីរៀនសូត្រអក្សរ
សាស្រ្ត។ នៅឆ្នាំ១៩២៤ ក្នុងអាយុ ១៧ឆ្នាំ
យុវជនខៀវជុំ បានបួសជាសាមណេរ បានមករៀនសូត្រ
បន្ត នៅវត្តលង្កា ទីក្រុងភ្នំពេញ នៅឆ្នាំ ១៩២៦
ក្រោយមក បានបួសជាភិក្ខុនៅឆ្នាំ ១៩២៨ ដោយ
មានសម្តេចព្រះធម្មលិខិត ល្វី ឯម
ជាព្រះគ្រូឧបជ្ឈាយ៍។ ក្នុងបណ្តាឆ្នាំ ១៩៤០ ព្រះអង្គបានចូលរួម ចលនាបដិវត្តន៍
ជាមួយព្រះអាចារ្យ ហែម ចៀវ ដើម្បីរំដោះប្រទេសខ្មែរ ពីអាណានិគមន៍បារាំង ហើយ
បានភៀសខ្លួន ទៅនៅប្រទេសថៃ មួយរយ: ក្នុងឆ្នាំ ១៩៤៥ ដោយបានសរសេរ សៀវភៅ
មួយចំនួន នៅទីនោះ និង បានធ្វើសកម្មភាពតស៊ូ
រួមជាមួយលោក ស៊ឺង ង៉ុកថាញ់ នៅភ្នំដងរែក ក្នុងមុខតួនាទី ជាអ្នករៀបចំ
ទ្រឹស្តីចលនាតស៊ូ។ ព្រះអង្គខៀវជុំ បានត្រលប់មក ប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ ១៩៤៩
បានសរសេរសៀវភៅ ប្រមាណជាជាង៣០ក្បាល ប៉ុន្តែ សព្វថ្ងៃនេះ សៀវភៅដែល
យើង អាចរកបាន គឺ ប្រហែលជាជិត២០ក្បាល ប៉ុណ្ណោះ។
សៀវភៅដែលបង្ក ភាពចម្រូងចម្រាស
ជាងគេ នៅពេលនោះ គឺមានសៀវភៅ កម្ពុជវេយ្យាករណ៍ និង
បញ្ហានរកសួគ៌ ដោយ ស្ថាប័នព្រះសង្ឃរាជ បញ្ជាឲ្យបិទ មិនឲ្យបោះផ្សាយបន្ត និង
ឲ្យដើរប្រមូលពីបណ្ណាគារនានា ដើម្បីយកទៅដុតចោល លែងឲ្យមានចរាចណ៍តទៅទៀត។
ជីវិតតស៊ូរើបម្រះពី គំនៀបទាំងឡាយជុំវិញខ្លួន
រហូតតមក ធ្វើឲ្យព្រះអង្គ កាន់តែរឹងប៉ឹងឡើង ជាលំដាប់ ដោយគ្មាននរណាម្នាក់ អាច បញ្ឈប់
ឬ កាត់បន្ថយ សកម្មភាពព្រះអង្គបានឡើយ សូម្បីតែស្តេចគ្រប់គ្រងរាជ នៅក្នុងស្រុកខ្មែរ
ដែលមានអំណាចលើសលប់ ក៏ដោយ។ គួរឲ្យសោកស្តាយ ដោយសារតែ របត់នយោបាយខ្មែរ
ផ្លាស់ប្តូរទំហឹងខ្លាំងពេក ព្រះតេជគុណធម្មបាល ខៀវ ជុំ ត្រូវ
បានគេចាប់យកទៅធ្វើឃាដ នៅខេត្តកំពង់ឆ្នាំង
នៅឆ្នាំ១៩៧៦៕
ប្រវត្តិព្រះ ភិក្ខុធម្មបាល ខៀវ ជុំ អ្នកប្រាជ្ញអង្គនេះ ត្រូវបានគេចាត់ទុកថា ជាព្រះសង្ឃជឿន លឿន និងនាំមុខគេ ក្នុងការស្វែងយល់ និងបញ្ចេញគំនិត
Reviewed by Unknown
on
5:24 AM
Rating:
Reviewed by Unknown
on
5:24 AM
Rating:

No comments:
Post a Comment