ស្នាដៃរបស់កវីខ្មែរ ក្រម ង៉ុយ កុំយកគ្រាប់ត្នោតទៅដាំទៅដោតលើភ្លឺស្រែ...យ៉ាដូចមានន័យ តោះទស្សនាទាំងអស់គ្នា
ក្មេងជំនាន់ក្រោយមួយចំនួនយល់ឃើញថា
កេរដំណែលរបស់លោក ក្រម ង៉ុយ
នៅតែមានតម្លៃសម្រាប់មនុស្សខ្មែរស្ទើរគ្រប់សម័យកាលទាំងអស់។ ប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជា
លោក អ៊ីវ ច័ន បណ្ឌិតផ្នែកប្រវត្តិសាស្រ្តបានរំឭកឲ្យដឹងថា ស្នាដៃរបស់កវី
ក្រម ង៉ុយ បានបង្ហាញឲ្យយើងដឹងពីសម័យកាលមួយដែលប្រទេសកម្ពុជាស្ថិតនៅក្រោម
ការត្រួតត្រារបស់បារាំង ហើយកវីឯករូបនេះក៏មានគំនិតរក្សានូវប្រពៃណីទំនៀមទម្លាប់របស់
ខ្មែរឲ្យបានគង់វង្សផងដែរ។ លោក អ៊ីវ ច័ន្ទ បានឲ្យដឹងថា ៖ «ស្នាដៃរបស់ ក្រម ង៉ុយ
គឺមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋយើងនៅពេលដែលអាណាព្យាបាលបារាំង
ចូលមកប្រទេសយើង ហើយមានវប្បធម៌ថ្មីច្រើនចូលមក ម្ល៉ោះហើយ ក្រម ង៉ុយ
គាត់ចង់រក្សាវប្បធម៌ខ្មែរប្រពៃណីខ្មែរ»។ជាមួយគ្នានេះផងដែរ
សាស្រ្តាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក យ៉ាន់ បូរិន
ក៏បានកត់សម្គាល់ផងដែរថា លោក ក្រម ង៉ុយ
ជាកវីអច្ឆរិយៈមួយរូបដែលកេរដំណែលរបស់គាត់មានតម្លៃទាំងនៅ
អតីតកាលនិងក្នុងពេលបច្ចុប្បន្ន ព្រមទាំងទៅអនាគតផងដែរ។ លោក យ៉ាន់ បូរិន
បានមានប្រសាសន៍ថា ៖ «ពិសេសណាស់ បើនិយាយពីកវីនិពន្ធដូច ក្រម ង៉ុយ នេះ
ខ្ញុំថាដូចជាអព្ភូតហេតុអ៊ីចឹងគាត់កើតមក
ព្រោះស្នាដៃរបស់គាត់ត្រូវគ្រប់សម័យទាំងអស់
ហើយជើងកាព្យដែលគាត់សរសេរយើងរកកន្លែងកែ កន្លែងខុសឆ្គងអត់ឃើញ វារណ្ដំ
វាជួន ពីរោះ ដែលខ្ញុំជឿថាពិបាករកអ្នកនិពន្ធណាដូចគាត់ណាស់»។
លោក ម៉ុញ សារី
ជាសាស្រ្តាចារ្យផ្នែកអក្សរសាស្រ្តខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បន្ថែមទៀតថា ៖ «កវី ក្រម ង៉ុយ អ្នកស្រុកគេចូលចិត្ត
មជ្ឈដ្ឋានសិក្សាក៏ចូលចិត្ត គឺដោយសារស្នាដៃគាត់ទាក់ទងទៅរឿងប្រជាជន
រឿងអ្នកស្រុក អ្នកភូមិ គឺអប់រំកូនចៅក្នុងគ្រួសារ ទូន្មានឲ្យខិតខំរកស៊ី
ទូន្មានក្នុងការរើសគូស្រករ ទូន្មានក្នុងការប្រតិបត្តិសាសនា»។
ប្រជាពលរដ្ឋនៅស្រុកល្វាឯម
ខេត្តកណ្តាល វ័យ៥៥ឆ្នាំម្នាក់ ឈ្មោះ សុខ ចំរើន
បានឲ្យដឹងតាមរយៈការចងចាំរបស់គាត់ថា កំណាព្យរបស់កវី ក្រម ង៉ុយ
មានតម្លៃមួយមិនអាចកាត់ថ្លៃបានឡើយ។
លោក សុខ ចំរើន បានបញ្ជាក់ថា ៖ «ចំពោះ ក្រម ង៉ុយ ខ្ញុំយល់ថា
នៅតែមានសារប្រយោជន៍ ព្រោះថាជាការដាស់តឿនមនុស្សក្នុងសង្គម
តាំងពីមុនក៏ដូចឥឡូវ ក៏ដូចទៅមុខទៀត កុំឲ្យយើងវង្វេងភ្លេចខ្លួន។
ធៀបឧបមាដូចជាប្រាសាទអង្គរវត្តរបស់យើងអ៊ីចឹង
ទោះជាចាស់ជំនាន់មុនបានសាងឡើង
រចនាបថមិនសូវទំនើបឆើតឆាយដូចសព្វថ្ងៃក៏ដោយ
ក៏មានចំណុចខ្លះនៅតែអស្ចារ្យ សម្រាប់មនុស្សជំនាន់ក្រោយកោតស្ញប់ស្ញែង»។
ជាមួយគ្នានេះផងដែរ សិល្បករកំប្លែងល្បីល្បាញមា្នក់ គឺនាយកុយ
ក៏បានឲ្យដឹងដែរថា ៖ «ខ្ញុំ ដឹងថា លោកតា ក្រម ង៉ុយ
គឺជាសិល្បករម្នាក់ដែលជាគំរូល្អសម្រាប់ប្រជាពលរដ្ឋខ្មែរយើង។
ខ្ញុំជាសិល្បករខ្មែរម្នាក់ ជួង ជី ហៅនាយកុយ ចាត់ទុកគាត់ជាគ្រូតា
ជារៀមច្បងបំផុត»។
និស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងម្នាក់ឈ្មោះ
ធួក ណារី បានបញ្ជាក់បន្ថែមទៀតថា ៖ «បច្ចុប្បន្ន
ហ្នឹងខ្ញុំកំពុងតែអនុវត្តវាតែម្ដង
ខ្ញុំគិតថាដើរផ្លូវហ្នឹងឲ្យល្អចំពោះខ្លួនខ្ញុំទៅអនាគត
ព្រោះអីខ្ញុំគិតថា អត្ថន័យនៅក្នុងហ្នឹងអាចធ្វើឲ្យខ្ញុំក្លាយជាមនុស្សម្នាក់
ជាយុវជនល្អនៅក្នុងសង្គម ហើយធ្វើឲ្យខ្ញុំជាកូនល្អរបស់ឪពុកម្ដាយខ្ញុំ»។
ទោះបីជាមានការគោរពនិងឲ្យតម្លៃចំពោះលោក
ក្រម ង៉ុយ ក៏ដោយ
ក៏មានមនុស្សមួយចំនួនទៀតមិនបានចាប់អារម្មណ៍ចំពោះកវីល្បីល្បាញរូប
នេះជាដដែល។
កញ្ញា ហេង ណៃស៊ីម
និស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលមានវ័យ២៣ឆ្នាំ បានឲ្យដឹងថា
ការអប់រំរបស់ ក្រម ង៉ុយ មានលក្ខណៈទូន្មានប្រៀនប្រដៅល្អ
ប៉ុន្តែទោះបីជាបែបនេះក៏ដោយ
ក៏នាងមិនបានយកចិត្តទុកដាក់ចំពោះស្នាដៃកំណាព្យរបស់កវី ក្រម ង៉ុយ ដែលរូបនាងធ្លាប់រៀននោះឡើយ។
កញ្ញា ហេង ណៃស៊ីម បានឲ្យដឹងថា ៖ «ជាការប្រចាំថ្ងៃដូចជាខ្ញុំ
មិនចាប់អារម្មណ៍ទៅលើរឿងហ្នឹង។ ខ្ញុំគិតរឿងរៀនរឿងអីនិងរឿងរកស៊ី
រឿងក្រុមគ្រួសារអីអ៊ីចឹង»។
អតីតទាហានម្នាក់ឈ្មោះ ទិន សេរីវុធ បានឲ្យដឹងដែរថា គាត់ធ្លាប់បានសិក្សាអំពីស្នាដៃកំណាព្យរបស់លោក
ក្រម ង៉ុយ
ប៉ុន្តែគាត់មិនសូវបានចាប់អារម្មណ៍ពីកេរដំណែលរបស់កវីរូបនេះឡើយ ៖ «អត់បានយកជាការគិតអីផង
បានតែមើលៗ ចាំខ្លះ មិនចាំខ្លះទៅ»។
អ្នករត់ម៉ូតូឌុបម្នាក់ឈ្មោះ រ៉ា បានបន្ថែមទៀតថា ៖ «គិតតែព្រលឹមឡើងឌុបកូនទៅរៀន
ហើយរត់ម៉ូតូឌុប តែប៉ុណ្ណឹង បើរវល់តែគិតអាហ្នុងបែកខួក្បាល
វីវរសរសៃប្រសាទទៀត»។
ម្ចាស់ហាងអ៊ុតសក់ម្នាក់នៅក្បែរស្ថានទូតចិនក្នុងរាជធានីភ្នំពេញ
បានឲ្យដឹងដែរថា ទោះបីជាគាត់ធ្លាប់រៀនអំពីស្នាដៃរបស់លោក ក្រម ង៉ុយ
ក៏ដោយ ក៏គាត់មិនបានយកការអប់រំនៅក្នុងកំណាព្យនោះមកអនុវត្តនៅក្នុង
ជីវិតប្រចាំថ្ងៃរបស់នាងដែរ ៖ «មានអី ល្អដែរ
គ្រាន់តែយើងមិនបានអនុវត្តតាមហ្នឹង យើងគិតតែធម្មតាៗអ៊ីចឹង
គិតតែរឿងអ្នកនៅក្នុងផ្ទះ»។
យុវជនដែលជាអតីតសិស្សវិទ្យាល័យទួលទំពូងម្នាក់ដែលនិយាយដោយមិនចង់បញ្ជាក់ឈ្មោះរបស់ខ្លួនបានឲ្យដឹងដែរថា
៖ «និយាយ
ឲ្យចំទៅខ្ញុំអត់ដែលគិតពីខ្លឹមសារអត្ថន័យរបស់គាត់ផង អត់ចាំ
ហើយគិតថាគាត់ប្រហែលជាបានអប់រំខ្ញុំពីមុនមកដែរ ប៉ុន្តែរាល់ថ្ងៃខ្ញុំអត់បានគិតដល់ឈ្មោះ
ក្រម ង៉ុយ ផង»។
សូមបញ្ជាក់ផងដែរថា
លោក ក្រម ង៉ុយ បានចាប់កំណើតនៅក្នុងគ្រួសារអ្នករាជការមួយនាសម័យកាលនោះ
ហើយបើតាមរយៈឯកសារមួយចំនួនបានឲ្យដឹងថា
លោកធ្លាប់បានបួសរៀននៅក្នុងគន្លងព្រះពុទ្ធសាសនា។
តាមរយៈឯកសារបណ្តាំ
ក្រម ង៉ុយ ដែលបានប្រមូលចងក្រងព័ត៌មានដោយលោក យី ធន់
ហើយដែលត្រូវបានបោះពុម្ពផ្សាយដោយអង្គការសន្តិស្ម័គ្រចិត្តកម្ពុជា
(អេសវីអេ) ភ្នំពេញ ក្នុងពុទ្ធសករាជ២៥៤៩ ត្រូវនឹងគ្រិស្តសករាជ២០០៥
នៅត្រង់ទំព័រ១២២ បានកត់ត្រាថា អ្នកព្រះភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ
ហៅ ង៉ុយ កើតនៅគ្រិស្តសករាជ១៨៦៥ ពុទ្ធសករាជ ២៤០៨ នៅភូមិព្រៃអណ្តូងស្វាយ
ឃុំកំបូល ស្រុកភ្នំពេញ ខេត្តកណ្តាល។
បិតាលោកនាម
អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជាចៅពញាធម្មធារា។ ចៅពញា អ៊ុក
ជាប់ជាសាច់ញាតិនឹងម្ចាស់អង្គប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា
ម៉ុក មេឃុំស្ពានថ្ម ស្រុកខេត្ត ជាមួយគ្នា។
មាតានិងបិតាលោកត្រូវជាបងប្អូនជីទួតមួយនឹងគ្នា។
លោកជាកូនទីពីរនៅក្នុងគ្រួសារ៕
ជាង
៧០ឆ្នាំហើយដែលកវីល្បាញល្បី ក្រម ង៉ុយ បានលាចាកលោកយើងនេះ
ហើយទោះបីជាយ៉ាងនេះក៏ដោយ ក៏ស្នាដៃរបស់លោកនៅតែត្រូវបានអ្នកស្រាវជ្រាវ
និងអ្នកប្រវត្តិសាស្រ្តមួយចំនួន គោរព
និងឲ្យតម្លៃខ្ពស់ចំពោះកវីឯករូបនេះជាដដែល។
លោក ពេជ្រ
ទុំក្រវ៉ិល អ្នកស្រាវជ្រាវអំពីសិល្បៈខ្មែរ បានចាត់ទុកលោក ក្រម ង៉ុយ
គឺជាអ្នកបា្រជ្ញខាងសំនួនវោហារ ដែលមានការយល់ដឹងទូលំទូលាយអំពីសង្គម
ព្រមទាំងមានលក្ខណៈពិសេសមួយទៀត គឺការច្រៀងដោយមិនមានការព្រាងទុក។
លោក ពេជ្រ
ទុំក្រវ៉ិល មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំយល់ថាតម្លៃនេះអត់សាបសូន្យទេ ខ្ញុំជឿថាកាលណានៅជីវិតខ្មែរ
អ្វីដែលគាត់បានផ្ដែផ្ដាំទាំងអស់ហ្នឹង
នឹងមានប្រយោជន៍នៃពាក្យខ្លះសម្រាប់ជីវិតរបស់ខ្លួន»។
ស្នាដៃរបស់លោក
ក្រម ង៉ុយ ដែលបានគង់វង្សរហូតមកទល់នឹងសព្វថ្ងៃនេះ
គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់អ្នកស្រាវជ្រាវបរទេសនាពេលនោះ។
តាមរយៈឯកសារបណ្តាំ
ក្រម ង៉ុយ ដែលបានប្រមូលចងក្រងព័ត៌មានដោយលោក យី ធន់
ហើយដែលត្រូវបានបោះពុម្ពផ្សាយដោយអង្គការសន្តិស្ម័គ្រចិត្តកម្ពុជា (អេស វី
អេ) ភ្នំពេញ ក្នុងគ្រិស្តសករាជ ២០០៥ នៅត្រង់ទំព័រ១២៧ បានកត់ត្រាថា លោក សឺដេស
បាននាំព្រះភិរម្យភាសាអ៊ូ ទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស
ដែលជានាយកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅភ្នំពេញ។
នៅឆ្នាំ១៩៣០
អ្នកស្រីនាយកសុំឲ្យអ្នកព្រះភិរម្យភាសាច្រៀងកំណាព្យរបស់គាត់ឡើងវិញទាំងអស់
បែបរង្វើលៗ ដើម្បីឲ្យអ្នកប្រាជ្ញនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យកត់ត្រាទុក។
សូមបញ្ជាក់ផងដែរថា
លោក ក្រម ង៉ុយ បានចាប់កំណើតឡើងនៅក្នុងពេលដែលប្រទេសកម្ពុជា
ស្ថិតនៅក្រោមការត្រួតត្រារបស់បារាំង ហើយបើតាមរយៈឯកសារបណ្តាំ ក្រម ង៉ុយ
ដែលបានរៀបរៀងដោយលោក យី ធន់ ដដែល នៅត្រង់ទំព័រ១២២ បានកត់ត្រាថា
កាលពីនៅវ័យកុមារ លោកបានរៀនសូត្រនៅវត្តអង្គបឹងចក ភូមិបែកស្គរ
ឃុំបែកចាន ក្នុងស្រុកកំណើតរបស់លោក
ហើយក៏បានបួសជាសាមណេនៅក្នុងវត្តនោះដែរ។ ប៉ុន្មានឆ្នាំក្រោយមក
លោកបានលាចាកសិក្ខាបទទៅបម្រើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់ឪពុកលោក
ក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លួង។
លុះអាយុបាន
២១ឆ្នាំ លោកបានបំពេញឧបសម្បទាជាភិក្ខុ នៅក្នុងវត្តដដែល។
លោកបានគង់ក្នុងផ្នួសជាភិក្ខុបាន ៥ឆ្នាំ។
លោកភិរម្យ ង៉ុយ
មានមាឌធំ ដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ
និយមស្លៀកសំពត់ចងក្បិន ពាក់អាវកត្រង់ ឡេវធំ ពាក់ស្បែកជើងផ្ទាត់
និងមួកសំបុក។ លោកតែងត្រូវបានប្រជាជនអញ្ជើញឲ្យទៅច្រៀង ឬទេសនា
ក្នុងពេលមានបុណ្យទានពីភូមិមួយទៅភូមិមួយ ហើយក្នុងការច្រៀងក្តី
ទេសនាក្តី លោកតែងលើកយកបញ្ហាជាបច្ចុប្បន្នភាពក្នុងពេលនោះមកធ្វើជាប្រធានបទ
ដូចជាការប្រកបមុខរបររកស៊ី ធ្វើស្រែចម្ការ ការជ្រើសរើសគូស្រករជាដើម។
សំឡេង ក្រម ង៉ុយ
ដែលនិយាយទាក់ទងទៅនឹងជីវភាពប្រជាជន ៖ "កុំយកគ្រាប់ត្នោតទៅដាំទៅដោតលើភ្លឺស្រែ...”។
កិត្តិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី
អ៊ូ នេះ បានឮខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ហ្លួងព្រះស៊ីសុវត្ថិ
ពេញព្រះទ័យនឹងថ្វីមាត់របស់លោកណាស់
ទើបអនុញ្ញាតឲ្យលោកចូលបម្រើក្នុងក្រុមភ្លេងព្រះបរមរាជវាំង។
កិត្តិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ
មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ
ប៉ុន្តែបានសាយភាយទៅដល់ក្រៅប្រទេសថែមទៀតផង។
ស្តេចសៀមបានធ្វើរាជសារមកសុំអញ្ជើញអ្នកព្រះភិរម្យទៅច្រៀងថ្វាយឯក្រុងបាងកក។
នៅទីនោះ លោកទទួលបាននូវសេចក្តីរាប់អានពីសំណាក់ព្រះមហាក្សត្រ
និងមន្រ្តីសៀម។ ស្តេចសៀម បានប្រទានងារជាភិរម្យភាសាផៃរ៉ោះលឿកឺន
និងប្រទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។
អ្នកភិរម្យភាសាអ៊ូ
មានភរិយាឈ្មោះ អ៊ិន និងមានកូនចំនួន ៦នាក់។
លោកបានទទួលមរណភាពនៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ពុទ្ធសករាជ២៤៧៩
គ្រិស្តសករាជ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំ។
សូមបញ្ជាក់ផងដែរថា
ស្នាដៃរបស់លោក ក្រម ង៉ុយ មានច្រើន ប៉ុន្តែគេមិនបានកត់ត្រា
ព្រោះកវីរូបនេះបានបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។
ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន៥ គឺច្បាប់ល្បើកថ្មី
ច្បាប់កេរកាលថ្មី សេចក្តីរំឭកដាស់តឿន ពាក្យកាព្យប្រដៅជនប្រុសស្រី
និងបណ្តាំ ក្រម ង៉ុយ ជាដើម។
សាស្រ្តាចារ្យផ្នែកអក្សរសាស្រ្តខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
លោក ពន់ ឆាយ បានពិនិត្យឃើញថា កេរដំណែលរបស់កវី ក្រម ង៉ុយ ដែលមានតម្លៃរហូតមកទល់នឹងពេលបច្ចុប្បន្ន
គឺដោយសារតែស្នាដៃនោះមានគុណសម្បត្តិជាច្រើន។
លោកសាស្រ្តាចារ្យ
ពន់ ឆាយ មានប្រសាសន៍ថា ៖ «ទី១
គឺតម្លៃអប់រំទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ទី២
ឆ្លុះបញ្ចាំងអំពីតថភាពរបស់សង្គមខ្មែរនាសម័យអាណានិគមនិយមបារាំងហ្នឹង
ទី៣ បង្ហាញអំពីកាលនោះគេប្រើនូវលក្ខណៈអក្សរសិល្ប៍ជាកំណាព្យកាព្យឃ្លោង»។
អនុបណ្ឌិតផ្នែកប្រវត្តិសាស្រ្តនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
លោក សំបូរ ម៉ាណ្ណារ៉ា យល់ឃើញថា រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានកវីណាមួយមានសមត្ថភាពប្រហាក់ប្រហែលនឹង
លោក ក្រម ង៉ុយ ឡើយ ទោះបីជាពីមុនយើងមានបណ្ឌិត ម៉ឺន ម៉ៃ ព្រះរាជសម្ភារ ឬ
ពញាតូ ដ៏ល្បាញល្បីក៏ដោយ។
ដោយសារតែស្នាដៃរបស់កវីរូបនេះមានតម្លៃជាទស្សនវិជ្ជាបែបសាកល
និងត្រូវគ្រប់សម័យកាលទាំងអស់ ដែលជនជាតិនៅក្នុងលោកអាចយកទៅសិក្សារៀនសូត្រតាមបាន។
រូបសំណាកលោក ក្រម
ង៉ុយ ត្រូវបានគេសាងសង់ឡើង ដាក់នៅលើសួនច្បារសាធារណៈមុខសណ្ឋាគារ
កាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗកន្លងមកនេះ។
សាស្រាចារ្យផ្នែកប្រវត្តិសាស្រ្ត
លោក សំបូរ ម៉ាណ្ណារ៉ា និយាយថា ការកសាងនេះ
វាមានតម្លៃជាប្រយោលមួយសម្រាប់អប់រំមនុស្សជំនាន់ក្រោយឲ្យកាន់តែមានការយល់ដឹងបន្ថែមទៀត។
លោកបន្ថែមថា លោកចង់ឲ្យរដ្ឋាភិបាលខ្មែរបញ្ចូលស្នាដៃរបស់កវី ក្រម ង៉ុយ
ទៅជាសម្បត្តិមនុស្សលោក តាមរយៈអង្គការ UNESCO៕
ស្នាដៃរបស់កវីខ្មែរ ក្រម ង៉ុយ កុំយកគ្រាប់ត្នោតទៅដាំទៅដោតលើភ្លឺស្រែ...យ៉ាដូចមានន័យ តោះទស្សនាទាំងអស់គ្នា
Reviewed by Unknown
on
8:55 AM
Rating:
Reviewed by Unknown
on
8:55 AM
Rating:
No comments:
Post a Comment